មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំកម្ពុជា (BTIC) ដែលបានបង្កើតឡើងនៅមហាវិទ្យាល័យវិស្វកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមការគាំទ្រដោយអង្គការ UNIDO តាមរយៈគម្រោង“កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទៈកញ្ចក់ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ”ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថានពិភពលោក (GEF) ដែលជាគម្រោងសំខាន់សម្រាប់កម្មវិធីភាពជាដៃគូដែលកំពុងអនុវត្តរបស់អង្គការ UNIDO នៅកម្ពុជា ។ មជ្ឈមណ្ឌល BTIC ធ្វើការសិក្សាស្រាវជ្រាវ និងផ្តល់សេវាបច្ចេកទេស និងតម្លើងជីវឧស្ម័នខ្នាតធំ នៅកម្ពុជា ។
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) នៃមហាវិទ្យាល័យវិស្វកម្មកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះអនុស្សារណៈយោគយល់ជាមួយ ជាមួយនឹងធនាគារប្រៃសណីយ៍កម្ពុជា ក.អ (Post Bank PLC) លើការសហការគម្រោងផ្តល់កម្ចីដល់គម្រោងឡជីវឧស្ម័នខ្នាតធំ ក្រោមកិច្ចគាំទ្ររបស់អង្គការយូនីដូ ។
ភាពជាដៃគូនេះ បង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការទទួលបានហិរញ្ញប្បទានដល់សហគ្រាសកសិធុរកិច្ចនានាដើម្បីវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នជាមធ្យោបាយគ្រប់គ្រងសំណល់មួយប្រកបដោយប្រសិទ្ធភាពដែលធ្វើឲ្យធុរកិច្ចទាំងនោះឆ្លើយតបទៅនឹងស្តង់ដារបរិស្ថានជាមួយនឹងការបង្កើនការប្រកួតប្រជែងរបស់អាជីវកម្មតាមរយៈការកាត់បន្ថយថ្លៃដើមប្រតិបត្តិការ។ វានឹងរួមចំនែកដល់ការអនុវត្តគោលនយោបាយជីវឧស្ម័នថ្មីសម្រាប់ឆ្នាំ ២០២១-២០៣០ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាគោលបំណងជាច្រើនដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងកម្មវិធីភាពជាដៃគូរបស់អង្គការ UNIDO ក្នុងការលើកកម្ពស់វិស័យថាមពលប្រកប ដោយនិរន្តរភាព និងសេដ្ឋកិច្ច។